ផលិតផលនៃប្រភេទទំនិញកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ចាប់ផ្តើមជ្រៀតចូលក្នុងទីផ្សារអាស៊ាន ព្រមទាំងមានការទទួលស្គាល់គុណភាពផងដែរ នេះបើតាមការអះអាងរបស់ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ផលិតផលទំនិញកម្ពុជាមួយចំនួនដូចជា ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម បានជ្រៀតចូលទីផ្សារនៃប្រទេសអាស៊ាន ជាបណ្តើរៗហើយ ក្រោយពេលដែលឧស្សាហកម្មកម្ពុជា បានកែលម្អលើគុណភាពតាមស្តង់ដារ ដែលទីផ្សារអាស៊ានចង់បាន។
មូលហេតុដែលនាំឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ទទួលយកទំនិញកម្ពុជាគឺ បន្ទាប់ពីទំនិញកម្ពុជាត្រូវបានពង្រឹងគុណភាព លើការវេចខ្ចប់ ដែលមានលក្ខណៈ ស្របតាមស្តង់ដារ និងការនាំចូលប្រភេទទំនិញណា ដែលទីផ្សារប្រទេសអាស៊ានត្រូវការ។ ម្យ៉ាងវិញទៀត ក្រោយពេលដែល អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតែមួយ គ្មានរបាំងនៃការលំហូរ នៃទំនិញគ្រប់ប្រភេទនោះគឺ នៅតែមានប្រទេសជិតខាងកម្ពុជាមួយចំនួន នៅតែរឹតត្បិតមិនឱ្យ ទំនិញចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសរបស់ពួកគេឡើយ ដោយលើកហេតុផលថា ដើម្បីរក្សាតម្លៃទីផ្សារក្នុងស្រុក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រាជ រ៉ា។
សូមរំឭកដែរថា កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមនូវ គំនិតរៀបចំយុទ្ធនាការថ្នាក់ជាតិមួយក្រោមប្រធានបទ «យុទ្ធនាការទិញផលិតផលខ្មែរ» ក្នុងគោលបំណងដើម្បីជួយឱ្យទំនិញ ដែលផលិតនៅកម្ពុជា អាចមានលទ្ធភាពប្រកួតប្រជែងជាមួយទំនិញ នាំចូលពីបរទេស និងបង្កើតនូវការនាំចេញផងនោះ។
ម្យ៉ាងវិញទៀត យុទ្ធនាការនេះនឹងផ្តល់នូវការយល់ដឹងខ្ពស់ដល់ អ្នកផលិតក្នុងស្រុក ធ្វើយ៉ាងណាផលិតនូវទំនិញដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ត្រូវមានសោភ័ណភាពទាក់ទាញ ផលិតផលត្រូវធានាបាននូវសុវត្ថិភាពប្រើប្រាស់ និងមានតម្លៃសមរម្យ ហើយក៏នឹងរួមចំណែកជួយពង្រឹងសមត្ថភាពផលិត បង្កើនការងារក្នុងស្រុក ជួយទប់ស្កាត់ការហូរចូលទំនិញពីបរទេស និងឈានទៅជម្រុញការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសផងដែរ៕
អត្ថបទដោយ៖ Bunthoeun
0 Comments